សេចក្តីប្រកាសពត៍មាន ស្តីពី លទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០ និងកំណត់ទិសដៅការងារជាអាទិភាពឆាំ្ន២០២៥

សេចក្តីប្រកាសពត៍មាន
ស្តីពី
លទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆាំ្ន២០២៥

សន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាព ឆ្នាំ២០២៥ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃកន្លះ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និង លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល។ ចូលរួមក្នុងសន្និបាតនេះ រួមមាន សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស និងថ្នាក់ដឹកនាំ នៃអង្គភាពរដ្ឋបាលតុលាការទូទាំងប្រទេស សរុបចំនួនប្រមាណ ៤០០រូប។
អង្គសន្និបាតបានសម្តែងនូវការបន្តគាំទ្រ និងប្ដេជ្ញាអនុវត្តឱ្យបានកាន់តែសកម្ម និងកាន់តែស្វាហាប់ បន្ថែមទៀតប្រកបដោយឆន្ទៈមោះមុត ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់នូវយុទ្ធនាការជំរុញ និងពន្លឿន ការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាម តុលាការ ដើម្បីឱ្យយុទ្ធនាការទាំង ២ នេះ ទទួលបានលទ្ធផលឱ្យកាន់តែល្អប្រសើរបន្ថែមទៀតសម្រាប់ឆ្នាំទី២ និងសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ស្របតាមគោលដៅជាយុទ្ធសាស្ត្រនៃវិធានការគន្លឹះទី៥ របស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកកិច្ចការនេះ គឺជាអាទិភាពការងារនៃកម្មវិធី “កែទម្រង់មុតស្រួច” ក្នុងវិស័យយុត្តិធម៌សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់វិស័យយុត្តិធម៌ ក៏ដូចជា ជំនឿទុកចិត្តរបស់សាធារណជនមកលើការអនុវត្តច្បាប់។ លទ្ធផលដ៏ត្រចះត្រចង់នេះ បានឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដនូវសាមគ្គីភាពរបស់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ក្នុងវិស័យយុត្តិធម៌ ក្នុងស្មារតីរួមតែមួយ គឺ "រួមគិត រួមធ្វើ និង រួមទទួលខុសត្រូវ” ដើម្បីធ្វើឱ្យមាន ការផ្លាស់ប្តូរ ជាវិជ្ជមានជាបន្តបន្ទាប់នូវទស្សនៈ និងការយល់ឃើញរបស់ប្រជាពលរដ្ឋចំពោះវិស័យយុត្តិធម៌របស់យើង។ អង្គសន្និបាតបានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានកំណត់ ក្នុងស្មារតីរួមគ្នាដើម្បីសម្រេចដាក់ចេញ នូវគោលការណ៍ដែលធានាបាននូវសង្គតិភាព និងការឯកភាពគ្នា សម្រាប់ការអនុវត្តរបស់សាលាជម្រះក្តី និង អង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស៖ ១-នៅក្នុងរយៈពេលពីរថ្ងៃកន្លះនេះ អង្គសន្និបាតបានសម្រេចការងារដូចខាងក្រោម៖ ទី១-គាំទ្រទាំងស្រុងចំពោះរបាយការណ៍លទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤។ ទី២-បានពិនិត្យ និងពិភាក្សាលើប្រធានបទចំនួន ៦ រួមមាន ៖ (ទី១)-ការកំណត់ការប្រាក់ និង ការប្រាក់យឺតយ៉ាវ, (ទី២)-ការទទួលស្គាល់សន្តតិជន និងការបែងចែកមត៌ក, (ទី៣)-ការប្រើប្រាស់សិទ្ធិអំណាច និងឆន្ទានុសិទ្ធិរបស់តុលាការ, (ទី៤)-ការអនុវត្តសំណើជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ និងបត្យាប័ន,

(ទី៥)-កិច្ចការរដ្ឋបាលតុលាការ និងកិច្ចការហិរញ្ញវត្ថុក្នុងវិស័យយុត្តិធម៌ និង (ទី៦)-ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និង ការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ទី៣-សេចក្តីសម្រេចចិត្តរួមរបស់អង្គសន្និបាត នឹងត្រូវរៀបចំឡើងដោយមានការចុះហត្ថលេខា ដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្ដមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និង លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល។សេចក្តីសម្រេចចិត្តនេះ នឹងក្លាយជាគោលការណ៍រួម និងស្មារតីរួម សម្រាប់ជាគតិច្បាប់ក្នុងការអនុវត្តបន្តដោយសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា សំដៅធានាបាននូវសង្គតិភាព ឯកភាព និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ព្រមទាំងផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវ និងប្រកបដោយជំនឿទុកចិត្តជូនប្រជាពលរដ្ឋ។ ២-អង្គសន្និបាតបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ជូនថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ព្រមទាំង ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរដ្ឋបាលតុលាការទាំងអស់ ដែលបានចូលរួមអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការ ទាំង ២ ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ រហូតសម្រេចបាននូវលទ្ធផលល្អគួរជាទីមោទនៈ ដែលបានរួមចំណែកក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ និងពង្រឹងជំនឿទុកចិត្តមកលើវិស័យយុត្តិធម៌។

៣-អង្គសន្និបាតនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះបទល្មើសគ្រឿងញៀន និងបទល្មើសពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា បទល្មើសដែលធ្វើឱ្យប៉ះពាល់ដល់"គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” សំដៅរួមចំណែកក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម ជាពិសេស ភាពសុខសាន្តរបស់ប្រជាជន។
៤-អង្គសន្និបាតបានពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រធានបទចំនួន២ រួមមាន ៖ ប្រធានបទស្តីពី “ការប្រាក់ និងការប្រាក់យឺតយ៉ាវ” និង ប្រធានបទស្តីពី "ការទទួលស្គាល់សន្តតិជន និងការបែងចែកមត៌ក”។ អង្គសន្និបាតពិនិត្យឃើញថា ក្នុងចំណោមចៅក្រមដែលជាតួអង្គអនុវត្តច្បាប់ ពិតជាមាន
ការយល់ឃើញ និងការបកស្រាយផ្សេងៗគ្នាពាក់ព័ន្ធនឹងបទប្បញ្ញត្តិច្បាប់ប្រាកដមែន។ អង្គសន្និបាតបានឯកភាពរួមគា្នលើគោលការណ៍ដែលត្រូវអនុវត្តបន្តលើសំណុំរឿងពាក់ព័ន្ធនឹង “ការប្រាក់ និងការប្រាក់យឺតយ៉ាវ-និង “ការទទួលស្គាល់សន្តតិជន និងការបែងចែកមត៌ក ដែលអាចធានាបាននូវសង្គតិភាព និងឯកភាពគ្នាក្នុងការអនុវត្តច្បាប់ដោយតុលាការ ដែលជាកត្តាគន្លឹះដើម្បីធានាបាននូវជំនឿទុកចិត្តលើការអនុវត្តច្បាប់ក្នុងសង្គមនីតិរដ្ឋ ព្រមទាំង ស្ថិរភាព និងសណ្តាប់ធ្នាប់នៃទំនាក់ទំនងសង្គម ព្រោះវាបង្កើតបានជាវិធានច្បាស់លាស់សម្រាប់ការព្យាករណ៍ទុកជាមុនបាននូវផលវិបាកគតិយុត្ត និងជាដំណោះស្រាយសម្រាប់ទំនាក់ទំនងរវាងបុគ្គល និង
បុគ្គលក្នុងសង្គម។
៥-អង្គសន្និបាតបានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការប្រើប្រាស់នូវ ឆន្ទានុសិទ្ធិ របស់ចៅក្រម ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយប្រកាន់ខ្ជាប់នូវ «ឧត្តមគតិយុត្តិធម៌»ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ចំពោះការប្រើប្រាស់ ឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការសម្រេចសេចក្តី
ចៅក្រម ព្រះរាជអាជ្ញា និង ព្រះរាជអាជ្ញារង ត្រូវពិនិត្យពិចារណាឱ្យបានល្អិតល្អន់ដោយផ្អែកលើ សំអាងហេតុ,សំអាងច្បាប់ និង ភស្តុតាង ច្បាស់លាស់។ ការប្រើប្រាស់នូវ ឆន្ទានុសិទ្ធិ ដោយបំពានច្បាប់នឹងក្លាយជាមូលដ្ឋាននៃការអនុវត្តវិធានការវិន័យម៉ឺងម៉ាត់ និងតឹងរ៉ឹងរបស់ក្រុមប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។ 

៦-អង្គសន្និបាតបានជំរុញឱ្យ ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការគ្រប់រូប ត្រូវបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការអនុវត្តការងាររបស់ខ្លួន និងត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការចាត់ការសំណុំរឿងឱ្យបាន ម៉ឹងម៉ាត់ ត្រឹមត្រូវ និង យុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ អង្គស់ន្និបាតបានគាំទ្របន្តលើកកម្ពស់ការអនុវត្តនូវគោលការណ៍ “គុណាធិបតេយ្យ” ក្នុងវិស័យយុត្តិធម៌ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់ការលើកទឹកចិត្តនានាដល់មន្ត្រីរាជការ និងមន្ត្រីតុលាការទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយភាពជាម្ចាស់, ការទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុង ជាពិសេស បានកសាងស្នាដៃធំៗបម្រើឱ្យវិស័យយុត្តិធម៌ និងសង្គមជាតិ។
៧-អង្គសន្និបាតបានកត់សម្គាល់អំពីការពង្រឹងវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់នៅក្នុងវិស័យយុត្តិធម៌ ដែលនៅតែជាការងារអាទិភាពត្រូវបន្តរឹតបន្តឹងឱ្យបានម៉ឺងម៉ាត់ និងដោយគ្មានការយោគយល់ចំពោះអ្នកល្មើសវិន័យឡើយ។
៨-អង្គសន្និបាតបានប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ដែលបានអញ្ជើញចូលរួមក្នុងសន្និបាតនេះ ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសេចក្តីសម្រេចចិត្តរបស់អង្គសន្និបាត ដល់ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលមិនបានចូលរួមក្នុងសន្និបាតនេះ សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារនៅតាមអង្គភាពរបស់ខ្លួន ក៏ដូចជាសំដៅពង្រឹងប្រសិទ្ធភាព និងសង្គតិភាពនៃការអនុវត្តច្បាប់ និងលើកកម្ពស់ជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធយុត្តិធម៌។
៩-អង្គសន្និបាតបានប្រគល់ភារកិច្ចជូន បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា យកខ្លឹមសារនៃសេចក្តីសម្រេចចិត្តរបស់អង្គសន្និបាត ពាក់ព័ន្ធនឹងប្រធានបទ “ការប្រាក់ និងការប្រាក់យឺតយ៉ាវ។ និងប្រធានបទ “ការទទួលស្គាល់សន្តតិជន និងការបែងចែកមត៌ក” ទៅធ្វើការបណ្តុះបណ្តាលដល់ចៅក្រម និងព្រះរាជអាជ្ញា ទាំងសម្រាប់ការបណ្តុះបណ្តាលដំបូង ទាំងការបណ្តុះបណ្តាលបន្ត សំដៅលើកកម្ពស់ប្រសិទ្ធភាព សង្គតិភាព និងភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់របស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស។
១០-អង្គសន្និបាតបានប្រគល់ភារកិច្ចជូន ក្រុមការងាររៀបចំព្រឹត្តិបត្រច្បាប់ និងយុត្តិធម៌ យកបទបង្ហាញក៏ដូចជា សេចក្តីសម្រេចចិត្តរបស់អង្គសន្និបាត រៀបចំទៅជាអត្ថបទស្រាវជ្រាវសម្រាប់បញ្ចូលក្នុងព្រឹត្តិបត្រច្បាប់និងយុត្តិធម៌ ក្នុងលេខបន្ទាប់ និងត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនដល់សាធារណជន ពិសេស ដល់សិស្ស និស្សិត បញ្ញាវន្ត ដែលជាអ្នកសិក្សាស្រាវជ្រាវ។ អង្គសន្និបាតបានវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមពិភាក្សាផ្លាស់ប្ដូរយោបល់យ៉ាងផុលផុសលើបញ្ហាប្រឈមសំខាន់ៗដែលជាប្រធានបទនៃកិច្ចពិភាក្សាក្នុង សន្និបាត ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ប្រកបដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់រហូតសម្រេចបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់តាមការរំពឹងទុក៕

ទាញយកឯកសារ

សកម្មភាពថ្មីៗចុងក្រោយ

...

ទម្រង់ក្រុមហ៊ុនពាណិជ្ជកម្មក្នុងច្បាប់កម្ពុជា

អានបន្ត>>

...

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលអង្កេតស្រាវជ្រាវករណីបណ្តឹងសុំអន្តរាគមន៍របស់លោកស្រី សែម សុខគា ពាក់ព័ន្ធករណីដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់

អានបន្ត>>

...

ប្រកាសលេខ ២១៩៦ ស្តីពីការទទួលខុសត្រូវរបស់អ្នកផលិត អ្នកនាំចូល ឬអ្នកផ្គត់ផ្គង់ផ្តាច់មុខលើបរិក្ខារអគ្គិសនី​និងអេឡិចត្រូនិក ក្រោយប្រើប្រាស់​រួច ឬលែងប្រើប្រាស់បានក្លាយជាសំណល់ Proclamation #2196 On Responsibility of Manufacturers, Importers or Exclusive Suppliers of Electrical and Electronic Equipment after Use or When It Becomes Waste

អានបន្ត>>

...

ព្រឹត្តិបត្រច្បាប់និងយុត្តិធម៌

អានបន្ត>>

...

សេចក្តីណែនាំរួម លេខ ០១ កយ.តកក.សណន/២៥ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួងយុត្តិធម៌ និងតុលាការកំពូល ស្តីពីការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ

អានបន្ត>>

...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចចំនួន៣ ជាប្រយោជន៍ដ៏អស្ចារ្យក្នុងការតម្កើងព្រះពុទ្ធសាសនា។

អានបន្ត>>