នៅក្នុងការគ្រប់គ្រងរដ្ឋតាមបែប «នីតិរដ្ឋ» និង «ប្រជាធិបតេយ្យ», អំណាចកំពូលទាំង៣ដែលតែងត្រូវបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ រួមមាន អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ ស្របតាមគោលការណ៍នៃការបែងចែកអំណាច សំដៅធានាបានតុល្យភាពនៃការប្រើប្រាស់អំណាចក្នុងការគ្រប់គ្រងរដ្ឋ, អំណាចកំពូលទាំង ៣ នេះត្រូវបានចែកដាច់ពីគ្នា និងមានឯករាជ្យភាពពីគ្នាទៅវិញទៅមក ដែលមានន័យថាអំណាចទាំង៣ នេះមិនចំណុះឱ្យគ្នាទៅវិញទៅមកនោះទេ ពោលគឺ អំណាចតុលាការមិនចំណុះឱ្យ ឬមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អំណាចនីតិប្បញ្ញត្តិ ឬអំណាចនីតិប្រតិបត្តិ និងបញ្ច្រាសមកវិញ។ នៅក្នុងសង្គមនីតិរដ្ឋ, អំណាចតុលាការ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់, ការការពារប្រឆាំងនឹងការរំលោភបំពានដោយអយុត្តិធម៌ក្នុងសង្គម និងបានចូលរួមចំណែកក្នុងការធានាថែរក្សានូវសន្តិសុខ, សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម ដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ បានអនុម័តនូវគោលការណ៍នៃការបែងចែកអំណាចនេះ ហើយអំណាចតុលាការត្រូវបានកំណត់នៅក្នុងជំពូកទី១១ ថ្មី នៃរដ្ឋធម្មនុញ្ញ។ ផ្អែកតាមមាត្រា១២៨ ថ្មី (មាត្រា១០៩ ចាស់) នៃរដ្ឋធម្មនុញ្ញ, អំណាចតុលាការ ជាអំណាចឯករាជ្យ ហើយអំណាចតុលាការធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
តើអ្វីទៅជាអំណាចតុលាការ?
តើស្ថាប័នណាជាអ្នកប្រតិបត្តិអំណាចតុលាការ តើឯករាជ្យភាពនៃអំណាចតុលាការមានន័យដូចម្តេច និងត្រូវបានការពារដោយរបៀបណា?
ជាទ្រឹស្តីពាក្យថាអំណាចតុលាការអាចមានអត្ថន័យ២យ៉ាងគឺ៖ (១)-អំណាចតុលាការ ក្នុងន័យ
ស្ថាប័ន ដែលសំដៅដល់ស្ថាប័នតុលាការ និង (២)-អំណាចតុលាការ ក្នុងន័យជាសិទ្ឋិអំណាចដែល សំដៅដល់អំណាចក្នុងការជម្រះក្តីផ្តល់យុត្តិធម៌។
I- អំណាចតុលាការក្នុងន័យជាអង្គការតុលាការ
ក្នុងន័យស្ថាប័នអំណាចតុលាការ គឺជាអំណាចឯករាជ្យ ហើយគ្មានអង្គការណាមួយនៃអំណាចនីតិប្បញ្ញត្តិ ឬនីតិប្រតិបត្តិ អាចទទួលអំណាចតុលាការនេះបានឡើយ។ អំណាចតុលាការ ត្រូវប្រគល់ឱ្យតុលាការកំពូល និងសាលាជម្រះក្តីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់។ អំណាចតុលាការគ្របដណ្តប់ទៅលើរឿងក្ដីទាំងអស់រួមទាំងរឿងក្តីរដ្ឋបាលផង ការរៀបចំអង្គការតុលាការត្រូវកំណត់ក្នុងច្បាប់។
បច្ចុប្បន្ន ការរៀបចំអង្គការតុលាការនៅកម្ពុជា ដែលជាសាលាជម្រះក្តីទទួលបន្ទុកអនុវត្តនូវអំណាចតុលាការ (១) ត្រូវបានកំណត់នៅក្នុងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ឆ្នាំ២០១៤។ ច្បាប់នេះ និងច្បាប់ផ្សេងទៀត ក៏កំណត់ផងដែរអំពីវិធានដើម្បីធានា និងការពារនូវឯករាជ្យភាពនៃអំណាចតុលាការ (២)។
១- សាលាជម្រះក្តីជាស្ថាប័នដែលអនុវត្តអំណាចតុលាការ
ច្បាប់ស្តីពីការរៀបចំអង្គការតុលាការបានកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គការតុលាការគ្រប់ផ្នែក
និងគ្រប់ជាន់ថ្នាក់ដែលជាសាលាជម្រះក្ដីនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមមាត្រា៤ នៃច្បាប់នេះ, សាលាជម្រះក្តីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់អនុវត្តអំណាចតុលាការ។ ផ្អែកតាមច្បាប់នេះ សាលាជម្រះក្ដីនៃព្រះរាជាណាចក្រកម្ពុជារួមមាន៖ សាលាដំបូង, សាលាឧទ្ឋរណ៍ និងតុលាការកំពូល។ សាលាដំបូង ជាសាលាជម្រះក្តីជាន់ទាប ហើយសាលាឧទ្ឋរណ៍ និងតុលាការកំពូល ជាសាលាជម្រះក្តីជាន់ខ្ពស់។ សាលាដំបូង ត្រូវបានបង្កើតឡើងនៅគ្រប់រាជធានី-ខេត្ត។ ចំពោះសាលាឧទ្ធរណ៍រួមមាន សាលាឧទ្ធរណ៍ភ្នំពេញ និងសាលាឧទ្ធរណ៍តំបន់ ដែលបច្ចុប្បន្នរួមមាន សាលាឧទ្ឋរណ៍បាត់ដំបង, សាលាឧទ្ឋរណ៍ព្រះសីហនុ និងសាលាឧទ្ឋរណ៍ត្បូងឃ្មុំ ដោយឡែក តុលាការកំពូល មានតែមួយគត់នៅរាជធានីភ្នំពេញ។
យោងតាមមាត្រា១២៨ ថ្មី កថាខណ្ឌទី ៤ នៃរដ្ឋធម្មនុញ្ញ អំណាចតុលាការ ត្រូវប្រគល់ឱ្យតុលាការកំពូល និងសាលាជម្រះក្តីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់ ហើយផ្អែកតាមមាត្រា ៤ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ, សាលាជម្រះក្ដីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់ អនុវត្តអំណាចតុលាការ។ ផ្អែកតាមបទប្បញ្ញត្តិទាំងនេះ មានតែសាលាជម្រះក្ដីទេដែលអនុវត្តអំណាចតុលាការ។
ប៉ុន្តែនៅអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ មានអង្គការអយ្យការមួយផងដែរ។ ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ក៏បានកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គការអយ្យការនៅអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ដូច្នេះ បញ្ហាអាចចោទឡើងថា តើអង្គការអយ្យការជាផ្នែកមួយនៃអំណាចតុលាការដែរឬទេ?បើបកស្រាយតឹងរឹងតាមស្មារតីនៃមាត្រា១២៨ ថ្មីខាងលើ អំណាចតុលាការ ត្រូវប្រគល់ឱ្យតែតុលាការកំពូល និងសាលាជម្រះក្តីប៉ុណ្ណោះ ពោលគឺ អង្គការអយ្យការមិនមែនជាស្ថាប័នអនុវត្តនូវអំណាចតុលាការនោះទេ។ ប៉ុន្តែ ផ្ទុយទៅវិញ អង្គការអយ្យការ និងព្រះរាជអាជ្ញា ក៏ត្រូវបានបញ្ញត្តនៅក្នុងមាត្រា១៣១ថ្មី (មាត្រា១១២ចាស់), មាត្រា១៣៤ថ្មី (មាត្រា១១៥ចាស់) និងមាត្រា១៣៥ថ្មី (មាត្រា ១១៦ចាស់) ក្រោមជំពូកទី១១ ថ្មី ស្តីពីអំណាចតុលាការផងដែរ។ មាត្រា១៣១ថ្មីនេះ កំណត់ថា មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា។ មាត្រា១៣២ថ្មី (មាត្រា១១៣ចាស់) បានកំណត់ថាឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ជួយព្រះមហាក្សត្រក្នុងការធានាឯករាជ្យភាព នៃអំណាចតុលាការ។ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម លើកសំណើថ្វាយព្រះមហាក្សត្រ អំពីការតែងតាំងចៅក្រម និងព្រះរាជអាជ្ញាអមសាលាជម្រះក្តីទាំងអស់។ បន្ថែមពីនេះឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមមានមុខងារ
ក្នុងការដាក់វិន័យចៅក្រម និងព្រះរាជអាជ្ញាផងដែរ។ ប្រសិនបើអង្គការអយ្យការ ជាផ្នែកមួយ នៃអំណាចតុលាការដែលជាអំណាចឯករាជ្យ នោះអង្គការអយ្យការក៏គួរត្រូវបានកំណត់ថា ជាអំណាចឯករាជ្យ ដូចនឹងសាលាជម្រះក្ដីផងដែរ។
ប៉ុន្តែជាក់ស្ដែងអង្គការអយ្យការ គឺជាតំណាងឱ្យអំណាចសាធារណៈដែលធ្វើបណ្ដឹងអាជ្ញា និងសុំឱ្យអនុវត្តច្បាប់ដើម្បីការពារផលប្រយោជន៍សាធារណៈ។ ផ្អែកតាមច្បាប់ស្តីពីការរៀបចំអង្គការតុលាការ និងច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា, អង្គការអយ្យការជាអង្គឯកភាពដែលព្រះរាជអាជ្ញាទាំងអស់ត្រូវស្ថិតក្រោមការដឹកនាំ និងការត្រួតពិនិត្យតាមឋានានុក្រមរបស់ខ្លួន។ នៅតាមអយ្យការអមសាលាដំបូងរាជធានី-ខេត្ដព្រះរាជអាជ្ញាមានអំណាចលើព្រះរាជអាជ្ញារងទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននិងមានសិទ្ធិធ្វើអធិបញ្ជាឱ្យព្រះរាជអាជ្ញារងធ្វើការចោទប្រកាន់ ឬក៏ចាត់ឱ្យចោទប្រកាន់ ឬក៏ធ្វើសេចក្តីសន្និដ្ឋានយ៉ាងណាតាមដែលខ្លួនយល់ឃើញថាជាការគួរ។ ដូចគ្នាផងដែរចំពោះ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាជម្រះក្តីជាន់ខ្ពស់។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺជានាយឋានានុក្រមនៃអង្គការអយ្យការ ហើយអាចធ្វើអធិបញ្ជាតាមការណែនាំជាលាយលក្ខណ៍អក្សរទៅអង្គការអយ្យការគ្រប់ជាន់ថ្នាក់។ ទន្ទឹមនេះការតែងតាំង ការផ្លាស់ប្ដូរ ការផ្ដាច់ពីមុខងារ ការដាក់តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីបានពិគ្រោះយោបល់ជាចាំបាច់ជាមួយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ហើយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ជាអ្នកលើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រ។ ក្នុងន័យនេះ អង្គការអយ្យការមិនមែនជាអំណាចឯករាជ្យនោះទេ តែជាអំណាចដែលស្ថិតក្រោមឋានានុក្រមច្បាស់លាស់ និងជាតំណាងឱ្យអំណាចសាធារណៈក្នុងការការពារផលប្រយោជន៍សាធារណៈ។ នៅបណ្តាប្រទេសផ្សេងៗអង្គការអយ្យការក៏មិនមែនជាអំណាចឯករាជ្យដែរ ដូចជាករណីនៅប្រទេសបារាំង ប្រទេសជប៉ុន និងប្រទេសកូរ៉េ ជាដើម ដែលអយ្យការស្ថិតក្រោមឋានានុក្រមរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
មាត្រា១២៨ថ្មីកថាខណ្ឌទី៣ នៃរដ្ឋធម្មនុញ្ញ និងមាត្រា៤ នៃច្បាប់ស្ដីពីការរៀបចំអង្គការតុលាការបានកំណត់ថា អំណាចតុលាការ គ្របដណ្ដប់លើរឿងក្ដីទាំងអស់រួមទាំងរឿងក្តី រដ្ឋបាលផងដែរ។ ដោយអំណាចតុលាការគ្របដណ្ដប់លើរឿងក្ដីទាំងអស់, តើការបង្កើតឡើងនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដោយស្ថាប័ននីតិប្រតិបត្តិ(ការសម្រុះសម្រួលឬការផ្សះផ្សាវិវាទ)ឬយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានសិទ្ធិសម្រេចក្ដីតាមវិធីកាត់ក្ដីដោយផ្អែកទាំងលើអង្គហេតុ និងអង្គច្បាប់ (អាជ្ញាកណ្ដាល ឬមជ្ឈត្តការ) អាចត្រូវចាត់ទុកថាជាការរំលោភបំពានលើអំណាចតុលាការដែរឬទេ? ចំពោះបញ្ហានេះ យើងអាចគូសបញ្ជាក់បានថា ទោះបីអំណាចតុលាការគ្របដណ្តប់លើគ្រប់រឿងក្ដីទាំងអស់ក៏ដោយ ប៉ុន្ដែមិនមែនមានន័យថាច្បាប់បង្ខំឱ្យភាគីវិវាទ ត្រូវតែប្ដឹងទៅតុលាការដើម្បីដោះស្រាយវិវាទរបស់ខ្លួននោះទេ។ ការសម្រេចប្ដឹង ឬមិនប្ដឹងទៅតុលាការ ឬការសម្រេចចិត្តស្វែងរកការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ គឺជាសិទ្ធិសម្រេចរបស់ភាគីវិវាទ លើកលែងតែចំពោះបទល្មើសព្រហ្មទណ្ឌ ដែលច្បាប់កំណត់ថាមិនអាចជាកម្មវត្ថុនៃការសម្រុះសម្រួលបញ្ចប់ក្រៅប្រព័ន្ធតុលាការតែប៉ុណ្ណោះ។ លើការជាក់ស្ដែង ការស្វែងរកដំណោះស្រាយចំពោះវិវាទ តាមរយៈការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ បានចាក់ឫសយ៉ាងជ្រៅ នៅក្នុងសង្គម និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ចប់វិវាទបានឆាប់រហ័សព្រមទាំងអាចជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្ដីផងដែរ។
២- ការធានាការពារឯករាជ្យភាពនៃអំណាចតុលាការ
ព្រះមហាក្សត្រទ្រង់ ជាអ្នកធានាឯករាជ្យភាពនៃអំណាចតុលាការ។ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការនេះ។ នៅប្រទេសបារាំង ផ្អែកតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៥៨ ប្រធានាធិបតីបារាំង ដែលជាប្រមុខរដ្ឋក៏បំពេញតួនាទីជាអ្នកធានាឯករាជ្យនៃអាជ្ញាធរតុលាការ ដោយមានឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមជួយប្រធានាធិបតីក្នុងការងារនេះផងដែរ។ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថិតក្រោមព្រះរាជធិបតីភាពនៃព្រះមហាក្សត្រ។ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ជាអ្នកលើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំង ការផ្លាស់ប្ដូរ ការផ្ដាច់ពីមុខងារ ការដាក់ឱ្យនៅក្រៅក្របខ័ណ្ឌ ការដាក់ឱ្យនៅទំនេរ និងការលុបឈ្មោះចៅក្រម និងព្រះរាជអាជ្ញាទាំងអស់។ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមពិនិត្យ និងសម្រេចលើក្រមសីលធម៌ចៅក្រម និងព្រះរាជអាជ្ញា និងដាក់វិន័យចៅក្រម និងព្រះរាជអាជ្ញា។ មុខងារទាំងនេះ ជាមុខងារដ៏សំខាន់ក្នុងការធានានូវឯករាជ្យភាពនៃអំណាចតុលាការ។ ចៅក្រម ព្រះរាជអាជ្ញាទាំងអស់ ដែលប្រព្រឹត្តខុសនឹងក្រមសីលធម៌
របស់ចៅក្រម និងព្រះរាជអាជ្ញា ក្នុងការអនុវត្តនូវមុខងាររបស់ខ្លួន អាចត្រូវស្ថិតក្រោមការសម្រេចដាក់វិន័យដោយក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ក្នុងករណីរកឃើញកំហុស ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចដាក់ទណ្ឌកម្មវិន័យ ដូចមានចែងក្នុងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា។ សេចក្តីសម្រេចនេះ ត្រូវមានសំអាងហេតុ និងសំអាងច្បាប់។ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាវិន័យ ត្រូវដាក់ជូនឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមដើម្បីពិនិត្យនិងសម្រេច។សេចក្តីសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាសេចក្តីសម្រេចបិទផ្លូវតវ៉ា។ ប៉ុន្តែការសម្រេចអំពីទណ្ឌកម្មវិន័យនេះមិនរារាំងការចោទប្រកាន់តាមផ្លូវតុលាការនោះទេ ប្រសិនបើចៅក្រម ឬព្រះរាជអាជ្ញា បានប្រព្រឹត្តបទល្មើសណាមួយ។
ក្រៅពីមុខងារទាំងនេះ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម មានសមត្ថកិច្ចផ្សេងទៀតផងដែរ ដែលរួមមានការផ្តល់យោបល់ចំពោះការដំឡើងថ្នាក់ និងការដំឡើងឋានន្តរស័ក្តិ ឬចៅក្រម និងព្រះរាជអាជ្ញាទាំងអស់ តាមបែបបទ និងលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងការពិគ្រោះយោបល់ជាចាំបាច់ដើម្បីផ្តល់យោបល់លើសេចក្ដីស្នើច្បាប់ ឬសេចក្តីព្រាងច្បាប់ដែលទាក់ទងដល់ការរៀបចំវិស័យតុលាការ និងការប្រព្រឹត្តទៅនៃវិស័យនេះ។
II- អំណាចតុលាការក្នុងន័យជាអំណាចក្នុងការជម្រះក្ដីផ្តល់យុត្តិធម៌
ក្នុងន័យទី២ អំណាចតុលាការ សំដៅដល់អំណាចក្នុងការជម្រះក្តីផ្ដល់យុត្តិធម៌ជូនភាគីវិវាទ។ មាត្រា១២៨ថ្មី កថាខណ្ឌទី៣ នៃរដ្ឋធម្មនុញ្ញ និងមាត្រា៤ នៃច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ បានកំណត់ថា អំណាចតុលាការគ្របដណ្តប់លើរឿងក្ដីទាំងអស់រួមទាំងរឿងក្តីរដ្ឋបាលផងដែរ។ ដោយបច្ចុប្បន្ន កម្ពុជាមិនទាន់មានតុលាការរដ្ឋបាល, រឿងក្តីរដ្ឋបាលទាំងអស់ ត្រូវស្ថិតក្រោមសមត្ថកិច្ចជំនុំជម្រះរបស់តុលាការរដ្ឋប្បវេណីដែលជាតុលាការនៃនីតិរួម។ មាត្រា១២៩ ថ្មី (មាត្រា១១០ ចាស់) កថាខណ្ឌទី ២ នៃរដ្ឋធម្មនុញ្ញ បានបញ្ញត្តថា មានតែចៅក្រមទេដែលមានសិទ្ឋិជម្រះក្តី(១)។ ក្នុងការ
ជម្រះក្តីនេះចៅក្រមមានកាតព្វកិច្ចក្នុងការអនុវត្តនូវមុខងាររបស់ខ្លួនដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងឱ្យអស់ពីដួងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន។ ដើម្បីធានានូវឯករាជ្យភាពរបស់ចៅក្រមក្នុងការសម្រេចក្តី, ច្បាប់បានផ្តល់ឱ្យចៅក្រមនូវអំណាចឆន្ទានុសិទ្ធិយ៉ាងទូលំទូលាយ។ ប៉ុន្តែ ការបំពាននឹងឆន្ទានុសិទ្ធិដោយខុសនឹងក្រមសីលធម៌ ឬខុសច្បាប់ ចៅក្រមអាចនឹងត្រូវប្រឈមមុខទាំងទណ្ឌកម្មខាងវិន័យ ទាំងទោសទណ្ឌផ្សេងទៀត ស្របតាមការកំណត់របស់ច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន (២)។
១- សិទ្ធិជម្រះក្តីរបស់ចៅក្រម និងឯករាជ្យភាពរបស់ចៅក្រម
មានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្ដី។ ការជម្រះក្ដីផ្តល់យុត្តិធម៌ ត្រូវធ្វើក្នុងនាមប្រជារាស្ត្រខ្មែរ តាមនីតិវិធី និងច្បាប់ជាធរមាន។ ចៅក្រមត្រូវបំពេញភារកិច្ចនេះ ដោយឯករាជ្យ ដោយគោរពតាមច្បាប់ យ៉ាងម៉ត់ចត់ និងឱ្យអស់ពីដួងចិត្ត និងសតិសម្បជញ្ញៈរបស់ខ្លួន ។ ចៅក្រមទាំងឡាយ ត្រូវសម្រេចសេចក្តីដោយមិនលំអៀង ដោយឈរលើគោលការណ៍គោរពច្បាប់ ដោយមិនទទួលការគាបសង្កត់ ការគំរាមកំហែង ឬការបំភិតបំភ័យ ការបង្គាប់បញ្ជាដោយផ្ទាល់ ឬដោយប្រយោលពីភាគីណាមួយក្នុងរឿងក្តី ឬពីបុគ្គលណាមួយឡើយ”។ចៅក្រមត្រូវច្រានចោលនូវការប៉ុនប៉ងទាំងឡាយណាដែលធ្វើឱ្យមានឥទ្ឋិពលដល់ការវិនិច្ឆ័យសេចក្ដីរបស់ខ្លួន។ ប្រធានសាលាជម្រះក្តីនីមួយៗ មិនមានអំណាចឋានានុក្រមលើការជម្រះក្តីរបស់ចៅក្រមក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះទេ។
ប្រធានសាលាជម្រះក្តីមានត្រឹមតែអំណាចឋានានុក្រមផ្នែករដ្ឋបាលលើចៅក្រមតែប៉ុណ្ណោះ។
ក្នុងការជម្រះក្តី ចៅក្រមត្រូវស្វែងយល់ឱ្យបានច្បាស់អំពីអង្គហេតុ និងអង្គច្បាប់ មុននឹងធ្វើការសម្រេចសេចក្តីចំពោះសំណុំរឿងនីមួយៗ។ សេចក្តីសម្រេចរបស់តុលាការ ត្រូវតែមានសំអាងហេតុ ចៅក្រមប្រើប្រាស់នូវឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការវាយតម្លៃអំពីអង្គហេតុ និងក្នុងការបកស្រាយច្បាប់ ក្នុងករណីដែលច្បាប់ចែងមិនច្បាស់។ ឆន្ទានុសិទ្ធិនេះគឺជាអំណាចដែលប្រគល់ឱ្យចៅក្រម អាចជ្រើសរើស យកមធ្យោបាយណាមួយ តាមការវាយតម្លៃរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាណាមួយ។ ជារឿយៗ ច្បាប់តែងផ្តល់សិទ្ឋិក្នុងការវាយតម្លៃដោយឆន្ទានុសិទ្ធិនេះឱ្យទៅចៅក្រមដើម្បីអាចផ្តល់នូវដំណោះស្រាយទៅតាមករណ៏ជាក់ស្ដែងនីមួយៗ។ ការវាយតម្លៃដោយឆន្ទានុសិទ្ធិនេះខុសពីការបកស្រាយច្បាប់។ ក្នុងការជម្រះក្តីចៅក្រមនៃបណ្តា សាលាជម្រះក្តីមានស្វ័យភាពក្នុងការបកស្រាយច្បាប់។ ផ្អែកតាមគោលការណ៍ស្វ័យភាពយុត្តាធិការ, ការបកស្រាយរបស់ចៅក្រម នៃសាលាជម្រះក្តីជាន់ខ្ពស់ មិនមានអានុភាពចាប់បង្ខំឱ្យចៅក្រម នៃសាលាជម្រះក្តីជាន់ទាប ត្រូវតែគោរពតាមនោះទេលើកលែងតែចំពោះការសម្រេចអំពីវិវាទច្បាប់ដែលធ្វើឡើងដោយសភារួមក្រុមរបស់តុលាការកំពូល ដែលជាការសម្រេចបិទផ្លូវតវ៉ា។ ប៉ុន្តែលើការជាក់ស្ដែងការមិនគោរពតាមការបកស្រាយច្បាប់របស់តុលាការកំពូលអាចធ្វើឱ្យសាលក្រម
របស់សាលាដំបូង ឬសាលដីការបស់សាលាឧទ្ទរណ៍ ត្រូវបានបដិសេធដោយតុលាការកំពូល។ ក្នុងរឿងរដ្ឋប្បវេណី បើច្បាប់ចែងមិនច្បាស់ ឬច្បាប់មិនបានចែង ចៅក្រមត្រូវជំនុំជម្រះ ដោយផ្អែកតាមទំនៀមទំលាប់ ប្រពៃណ៍ វិចារណញ្ញាណ ឬសមធម៌។
២- ដែនកំណត់នៃឯករាជ្យភាព និងឆន្ទានុសិទ្ធិរបស់ចៅក្រម
ទោះបីចៅក្រម មានឯករាជ្យភាព និងឆន្ទានុសិទ្ធិក្នុងការជម្រះក្តីក៏ដោយ, ប៉ុន្តែ ចៅក្រមត្រូវគោរពច្បាប់ឱ្យបានម៉ឹងម៉ាត់ និងឱ្យអស់ពីដួងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន។ ទន្ទឹមនេះ ចៅក្រមត្រូវគោរពនូវក្រមសីលធម៏ចៅក្រម និងព្រះរាជអាជ្ញា ក្នុងការបំពេញមុខងាររបស់ខ្លួន។ ក្រមសីលធម៌របស់ចៅក្រម និងព្រះរាជអាជ្ញាមានគោលបំណងពង្រឹងនូវឯករាជ្យភាពនិងសេចក្ដីថ្លៃថ្នូររបស់អង្គចៅក្រមក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនសំដៅលើកកម្ពស់ជំនឿទុកចិត្តលើប្រព័ន្ធតុលាការ និងកេរ្តិ៍ឈ្មោះរបស់ចៅក្រម។ ក្រមសីលធម៌ចៅក្រម និងព្រះរាជអាជ្ញានេះ បានកំណត់នូវ
គោលការណ៍ដែលអង្គចៅក្រមត្រូវប្រតិបត្តិតាម និងត្រូវចៀវវាង។ ផ្អែកតាមក្រមសីលធម៌នេះ, ក្នុងពេលបំពេញមុខងារ ចៅក្រមត្រូវប្រកាន់ខ្ជាប់នូវសុគតិធម៌ទាំង៥ រួមមាន វិរិយសម្បយុត្ត (ការបំពេញកិច្ច ប្រកបដោយវិរិយភាព), សុចរិតយុត្តិធម៌ (ភាពទៀងត្រង់ និងយុត្តិធម៌), បញ្ញត្តិគារវោ (ការប្រតិបត្តិតាមច្បាប់ឱ្យបានម៉ឺងម៉ាត់), សមទណ្ឌោ (សមភាពនៃទណ្ឌកម្មទៅលើ
ជនដែលប្រព្រឹត្តអំពើល្មើសដូចគ្នា) និងបញ្ញាវុធវិនិច្ឆ័យ (ការសម្រេចសេចក្ដីប្រកបដោយបញ្ញា និងភាពឆ្លាតវៃ) និងត្រូវវៀចាកនូវអគតិធម៌ទាំង ៤ គឺ ឆន្ទាគតិ (លំអៀងព្រោះស្រលាញ់), ទោសាគតិ (លំអៀងព្រោះទោសៈ ឬស្អប់), ភយាគតិ (លំអៀងព្រោះភ័យខ្លាច) និង មោហោគតិ (លំអៀងព្រោះមោហៈ ល្ងង់ ឬអវិជ្ជា)។
ផ្អែកតាមមាត្រា ៦ កថាខណ្ឌទី២ នៃច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា, គោលការណ៍ ចៅក្រម និងព្រះរាជអាជ្ញា មិនត្រូវទទួលខុសត្រូវខាងបទព្រហ្មទណ្ឌ ឬផ្នែករដ្ឋប្បវេណី ចំពោះការសម្រេចដែលបានធ្វើក្នុងក្របខ័ណ្ឌសមត្ថកិច្ច និងមុខងាររបស់ខ្លួនក្នុងឋានៈជាចៅក្រម ឬព្រះរាជអាជ្ញាឡើយ។ ប៉ុន្ដែ គោលការណ៍នេះ មិនត្រូវយកមកអនុវត្តឡើយ ក្នុង
ករណីដែលចៅក្រម ឬព្រះរាជអាជ្ញា ប្រើប្រាស់ការសម្រេចរបស់ខ្លួនដោយរំលោភបំពានធ្ងន់ធ្ងរក្នុងចេតនាទុច្ចរិតលើសមត្ថកិច្ច និងមុខងារដែលច្បាប់ប្រគល់ឱ្យ។ ក្នុងន័យនេះ ការរំលោភអំណាច ឬការប្រព្រឹត្តខុសច្បាប់របស់ចៅក្រម ឬការប្រើឆន្ទានុសិទ្ធិរបស់ចៅក្រមដោយបំពាន គឺជាកំហុសដែលអាចត្រូវប្រឈមទាំងទណ្ឌកម្មខាងវិន័យ ទាំងទណ្ឌកម្មព្រហ្មទណ្ឌ និងទណ្ឌកម្មផ្នែករដ្ឋប្បវេណីផ្សេងទៀត តាមការកំណត់របស់ច្បាប់ជាធរមាន និងតាមអង្គហេតុជាក់ស្ដែង។
ពាក្យបណ្តឹងអំពីវិន័យទាក់ទងនឹងចៅក្រម និងព្រះរាជអាជ្ញា ត្រូវដាក់នៅអគ្គលេខាធិការ នៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ឬនៅក្រសួងយុត្តិធម៌។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវចាត់ឱ្យពិនិត្យ និងស្រាវជ្រាវបឋមលើពាក្យបណ្តឹងទាំងនេះ ដើម្បីកសាងសំណុំរឿងវិន័យ មុននឹងបញ្ជូនទៅឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីចាត់នីតិវិធីបន្ត។ បន្ទាប់ពីទទួលបានសំណុំរឿងវិន័យក្នុងករណីចាំបាច់ ប្រធានក្រុមប្រឹក្សាវិន័យ អាចចាត់ឱ្យមានការស៊ើបអង្កេត និងស្រាវជ្រាវបន្ថែម
ដោយប្រើយន្តការក្រុមអធិការកិច្ចនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។ ក្នុងករណីរកឃើញកំហុសក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចដាក់វិន័យ ដូចមានចែងក្នុងច្បាប់ស្តីពី លក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យត្រូវមានសំអាងហេតុ និងសំអាងច្បាប់។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យ ត្រូវដាក់ជូនឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមដើម្បីពិនិត្យនិងសម្រេច។សេចក្ដីសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាសេចក្តីសម្រេច
បិទផ្លូវតវ៉ា។